# កញ្ចក់ឆ្លុះ ដុសខាត់អត្តចរិត
29/Sep/2014 : Say Bunthet
មានអារម្មណ៏ល្អទាំងព្រឹក
ក្រោយពីបានអានសំបុត្រដែលសំឡាញ់ខ្ញុំទាំង៣នាក់បានសរសេរមកកាន់ខ្ញុំកាលពីខែមេសា២០១៣(សែនស្តាយដែលមិនបានទទួលវា ពីឧត្តម)។ វាជាពេលវេលាមួយដែលក្រុមយើងអាចនិយាយបានថា មានភាពអសកម្មគួរអោយកត់សំគាល់ តែខ្ញុំក៏អាចស្រមៃបានថា ពេលនោះដែរជាពេលដែលខ្ញុំរំភើប ដែលខ្ញុំរីករាយបំផុតព្រោះខ្ញុំបានដឹងពីចំណុចខ្សោយរបស់ខ្ញុំជាច្រើនដែលធ្វើអោយខ្ញុំបានភ្ញាក់ខ្លួន ហើយបានឃើញពីចំណុចល្អរបស់ខ្ញុំមួយចំនួនដែលខ្ញុំនឹកស្មានមិនដល់មកលើខ្លួនឯង។ ហើយពេលនោះផងដែរ សំដីពិតចេញពីដួងចិត្តម្នាក់ៗ បានធ្វើអោយយើងចាប់ផ្តើមមានការជឿទុកចិត្ត និងមានភាពស្មោះត្រង់នឹងគ្នាខ្លាំងឡើងៗ។មិនត្រឹមតែប៉ុននោះ អានសំបុត្រអ្នកទាំងអស់គ្នាហើយ ខ្ញុំពិតជានឹកអនុស្សាវរីយ៍ដែលយើងបានចាប់ដៃគ្នា ប្រកៀកស្មាគ្នា ពិភាក្សា អង្គុយលែងជាមួយគ្នាណាស់។ខ្ញុំនឹកកុដិលោកបងរិទ្ធ ខ្ញុំនឹកវត្តពិភិទ្ធ ខ្ញុំនឹកម្លប់ដើមជ្រៃក្រឹម ខ្ញុំនឹកបណ្ណាល័យ ខ្ញុំនឹកសាលាមុនីវង្ស ហើយខ្ញុំរឹតតែនឹក នឹកអ្នកទាំងអស់គ្នា! អារម្មណ៍ក្នុងចិត្តខ្ញុំពេលនេះគឺចង់ឱបអ្នកទាំងអស់គ្នាណាស់! ចង់និយាយលែងជាមួយអ្នកទាំងអស់គ្នាណាស់ តែខ្ញុំគ្មានសេចក្តីក្លាហាន
តើទាំងអស់គ្នាមានចាំសំបុត្រទាំងនោះទេ? មានរក្សាទុកវាទេ?ប្រសិនបើអ្នកទាំងអស់គ្នាបានអានវា ប្រហែលជាអ្នកទាំងអស់គ្នាមានអារម្មណ៏ដូចខ្ញុំពេលនេះអញ្ចឹង។
# រស់នៅភ្នំពេញ ១ ឆ្នាំ (8/Aug/2014- 8/Aug/2015)
ពេលវេលាពិតជាកន្លងទៅយ៉ាងឆាប់រហ័សមែនទែន ហើយពេលវេលាក៏បានបង្រៀន យើងពីអ្វីៗដែលយើងមិនធ្លាប់ដឹង និងបានជួប ។ វេលានេះ គឺ១ឆ្នាំគត់ ដែលក្រុមពួកយើង បានចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅភំ្នពេញ ទាំងខ្លួនមិនធ្លាប់ស្គាល់ ទីនេះសោះឡើយ ហើយអ្វីដែលពិសេសនោះគឺ លទ្ធផលបាក់ឌុបពួកយើងនៅ ស្រពេចស្រពិល មិនដឹងថាយ៉ាងម៉េចទេ។ ការមកទីនេះទៀតសោត បើមើលទៅប្រាកដ ជាមានអ្នកសើចចំអក រឺ ហួសចិត្ត ព្រោះយើងមានលុយតិចតួច សាហ៊ុយមិនគ្រាន់ល្មម ទើប សំរេចចិត្តជិះរថយន្ត NISSON តែម្តង។ ពេលមកដល់ត្រូវពួក TUK TUK ដឹកអីវ៉ាន់យកទៅបាត់ តែសំណាងល្អមិត្តខ្ញុំបានរត់តោងជាប់ កុំអីត្រូវតែលតោលនៅ ភំ្នពេញតាំងពីពេលនោះមកម្ល៉េះ។មួយឆ្នាំមកនេះបទពិសោធន៍ជីវិតថ្មីៗ បានធ្វើអោយ ពួកយើង អាចសំរបខ្លួនរស់នៅទីនេះបាន តស៊ូ រស់នៅជាក្រុម បន្ទាប់មកក៏ចែកផ្លូវគ្នា ព្រោះត្រូវទៅរស់នៅអន្តេវាសិកដ្ធានខ្លះ ទៅរស់នៅជាមួយសាច់ញាតិខ្លះ តែទំនាក់ ទំនងពួកយើងនៅតែល្អដដែល ។
ពិតណាស់ជីវិតគឺបែបនេះ យើងត្រូវតែពុះពារជំនះរាល់ឧបសគ្គចំពោះមុខ ហើយកុំ ព្យាយាមគេចពីវា រឺ ដើរថយក្រោយ។ ជីវិត រឺ វាសនារបស់យើងគ្មានព្រហ្មលិខិតឯណា មកកំនត់អោយយើងទេ គឺមានតែខ្លួនឯងម្នាក់គត់ ដែលមានដៃពីរ ជើងពីរសំរាប់ធ្វើការ ខួរក្បាលមួយសំរាប់គិត វិភាគដោះស្រាយបញ្ហា រិះរកវិធីធ្វើអោយដំណើរជីវិតរបស់ខ្លួន ប្រសើរឡើងនាថ្ងៃអនាគត៕